ជនដៃដល់ដែលបានបាញ់សម្លាប់នាង Christina Grimmie ជាអតីតបេក្ខនារី The Voice America ចំណាត់ថ្នាក់លេខ៣ រដូវកាលទី៦ ឆ្នាំ ២០១៤ បន្ទាប់មកបាញ់សម្លាប់ខ្លួនឯង ត្រូវបានប៉ូលិសរកឃើញអត្តសញ្ញាណហើយ គឺឈ្មោះ Kevin James Loibl អាយុ២៧ឆ្នាំ មកពី St. Petersburg រដ្ឋ Florida សហរដ្ឋអាមេរិក។
ជនរងគ្រោះ Grimmie បានដាច់ខ្យល់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់ខាងលើបាញ់ប្រហារចំនួន៥គ្រាប់កាលពីថ្ងៃសុក្រ រង្វង់ម៉ោង១០:៣០នាទីយប់ នៅមហោស្រព Plaza Live ទីក្រុង Orlando។ ការប្រគំតន្ត្រីត្រូវបានបិទទាំងស្រុង បន្ទាប់ពីកើតរឿងអាក្រក់នេះកើតឡើង។
មុនពេលមិនទាន់ដឹងអត្តសញ្ញាណច្បាស់លាស់ កាលពីដើមថ្ងៃសៅរ៍ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងមានអាយុ២១ឆ្នាំ។ តែក្រោយមកប៉ូលិសបានស្រាវជ្រាវលើគណនី Twitter របស់ Loibl ទើបដឹងពីថ្ងៃខែឆ្នាំកំណើតរបស់គេពិតប្រាកដ។
ក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវលើទូរសព្ទដៃ ព្រមទាំងកុំព្យូទ័ររបស់ជនដៃដល់ ដើម្បីស្វែងរកមូលហេតុពិតពីក្រោយការសម្លាប់នេះ។ ជាបឋម គ្មានការបញ្ជាក់ណាមួយ អះអាងថាជនដៃដល់បានស្គាល់ជនរងគ្រោះ និងធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមក ឬយ៉ាងណានោះទេ៕


ប្រភព៖ www.nbcnews.com

No comments:
Post a Comment